សាលាដំបូងរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតរបស់ក្រសួងយុត្តិធម៌

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ​ ធ្វើការការប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារ វាស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ និងសេចក្តីណែនាំផ្សេងៗ របស់ក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពឯកឧត្តម​ ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអស់លោក លោកស្រី​ អនុប្រធាន​ ចៅក្រម​ ក្រឡាបញ្ជី​ អាជ្ញាសាលា​ មន្ត្រី​រាជការ​លេខាធិ​ការដ្ឋាន​រដ្ឋបាល​ មន្ត្រីជាប់កិច្ចសន្យា និងអ្នកជួយការនៅសាលាដំបូងរាជធានីភ្នំពេញ។

ក្រោមការសម្របសម្រួលរបស់ឯកឧត្តម​ ងួន ណារ៉ា ប្រធានសាលាដំបូង ប្រធានបទ ចំនួន ២ ត្រូវបានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំនោះ ដែលរួមមាន៖ (១). ប្រធានបទ ‹បទបង្ហាញស្តីពីកិច្ចសន្យាលក់-ទិញ› ត្រូវបានឧទ្ទេសនាមដោយលោក ឡោ ក្រឹម ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និង(២). ប្រធាបទ ‹បទបង្ហាញស្តីពី​ការអនុវត្តដោយបង្ខំ› ឧទ្ទេសនាមដោយលោក​ ឆែ​ វិវឌ្ឍនៈ​ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។ 

ក្នុងពិធីផ្សព្វផ្សាយនោះដែរ សេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ ត្រូវបានអានដោយលោក អ៊ី​ រិន្ន ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ។ 

ក្នុងឱកាសថ្លែងបិទកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារ វិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ និងសេចក្តីណែនាំផ្សេងៗ របស់ក្រសួងយុត្តិធម៌ ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍អំពីពិធីនីមួយៗដែលត្រូវធ្វើ គឺឯកឧត្តម តែងតែមានរបៀបវារៈ ‹គោរពភ្លេងជាតិ និងគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព វីរនគរបាលជាតិ› ដែលជាស្មារតីចងចាំដឹងគុណដល់វីរៈកងកម្លាំង ដែលបានលះបង់បូជាជីវិតក្នុងការពារបូរណភាពទឹកដី។ ឯកឧត្តមប្រធានបានថ្លែងអំណរគុណដល់លោក លោកស្រីទាំងអស់ដែលកន្លងមកបានជួយឧបត្ថម្ភជួយដល់វីរកងកម្លាំងជួរមុខ ដែលប្រយុទ្ធជាមួយសត្រូវឈ្លានពានកន្លងមក។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធាន ក៏បានរំឭក និងប្ដេជ្ញាចិត្តជាមួយអ្នកចូលរួមកិច្ចប្រជុំថា នឹងអនុវត្តសេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារ វិស័យយុត្តិធម៌​ ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ និងសេចក្តីណែនាំផ្សេងៗរបស់ក្រសួងយុត្តិធម៌ ឱ្យបានលទ្ធផលល្អ និងទទួលជោគជ័យ៕

















Previous Post Next Post