ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម
Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា
ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម
និងពិភាក្សាការងារ នៅទីស្តីការក្រសួងយុត្តិធម៌។
ជាកិច្ចចាប់ផ្តើម
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម
Christian DesRoches និងសហការីមកកាន់ទីស្តីការក្រសួងយុត្តិធម៌
និងសេចក្តីរីករាយចំពោះការវិលត្រឡប់របស់កាណាដាសាជាថ្មី
ក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា
ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត
បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម
និងពិភាក្សាការងារនេះ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចការងារមួយចំនួន ដូចជា៖
ការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលអាណត្តិទី៧
នៃរដ្ឋសភា និងការរៀបចំនូវតុលាការពាណិជ្ជកម្ម សំដៅពង្រឹង និងលើកកម្ពស់គុណភាព
និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌
ដើម្បីបង្កើនជំនឿទុកចិត្តរបស់វិនិយោគិននៅកម្ពុជា។ បន្ថែមពីនេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត
ក៏បានពិភាក្សាគ្នាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរផងដែរ។
ជាកិច្ចបញ្ចប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Christian DesRoches
បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងទំនាក់ទំនងល្អរវាងក្រសួងយុត្តិធម៌
ជាមួយស្ថានទូតប្រទេសកាណាដា៕













