បាងកក៖ ឧស្សាហកម្មទេសចរណ៍ដែលជួយជំរុញសេដ្ឋកិច្ចថៃ កំពុងប្រឈមមុខនឹងការធ្លាក់ចុះ ខណៈដែលការប្រយុទ្ធគ្នាឡើងវិញជាមួយកម្ពុជា បានរំខានដល់រដូវកាលទេសចរណ៍ដ៏មមាញឹករបស់ខ្លួន ដោយអាជីវកម្មនានាបានព្រមានអំពីការខាតបង់ធ្ងន់ធ្ងរ ចំពោះមុខការហាមប្រាមធ្វើដំណើរពីសំណាក់ប្រទេសផ្សេងៗ។
ជម្លោះតាមព្រំដែន នាំឱ្យច្រកពាណិជ្ជកម្មសំខាន់ៗត្រូវបិទ ការជម្លៀសប្រជាជននៅតាមស្រុកព្រំដែន ដែលបង្កើនការព្រួយបារម្ភអំពីចំណូលផ្នែកទេសចរណ៍ភ្លាមៗ និងទំនុកចិត្តវិនិយោគរយៈពេលវែង។ តាម Khaosod នាយករដ្ឋមន្ត្រី លោក អនុទីន បដិសេធចរចាជាមួយកម្ពុជា ដែលទទួលបានការសរសើរពីក្រុមជាតិនិយម ប៉ុន្តែធ្វើឱ្យសហគមន៍ធុរកិច្ចថៃព្រួយបារម្ភ ខណៈអំពើហិង្សាកើនឡើង ចំរដូវកាលដែលពួកគេរកចំណូលបានច្រើន ពីវិស័យទេសចរណ៍។
បណ្ឌិត Phiphat Luengnaruemitchai ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Kiatnakin Phatra Financial Group បាននិយាយថា «ទឹកជំនន់ និងការប៉ះទង្គិចគ្នា កំពុងកើតឡើងក្នុងរដូវទេសចរណ៍ ដែលអាចប៉ះពាល់ដល់ការសម្រេចចិត្ត ធ្វើដំណើរទៅកាន់ប្រទេសថៃ»។ ដោយឡែក កម្ពុជាមានចំណែក ២ ភាគ ៣នៃការនាំចេញសរុបរបស់ថៃ ដោយមានប្រហែល ៧០ភាគរយនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនគោក ដែលឥឡូវនេះត្រូវបានបិទដោយសារជម្លោះ។ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ប៉ាន់ប្រមាណថា ការប្រយុទ្ធគ្នាអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ០.៤ភាគរយ ប្រសិនបើបន្តរហូតដល់ឆ្នាំ ២០២៦។
ខេត្តជាប់ព្រំដែនប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ ខេត្តត្រាត ដែលមានកោះរមណីយដ្ឋានដ៏ពេញនិយមចំនួន ៣ សម្រាប់ខែធ្នូ ប្រតិបត្តិករនិយាយថា អ្នកទេសចរបរទេសមានមន្ទិលសង្ស័យអំពីសុវត្ថិភាព បន្ទាប់ពីសហរដ្ឋអាមេរិក បានណែនាំអំពីការធ្វើដំណើរសម្រាប់តំបន់នានា ក្នុងរង្វង់ ៥០គីឡូម៉ែត្រពីព្រំដែន។ លោក Saksit Mungkarn ទីប្រឹក្សាក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ខេត្តត្រាត និយាយថា «យើងត្រូវរង់ចាំ ប្រហែលរហូតដល់ថ្ងៃទី២០ ខែធ្នូ ដើម្បីវាយតម្លៃពីផលប៉ះពាល់ពិតប្រាកដ លើការលុបចោលនានា»។ តំបន់ព្រំដែនភាគឦសានថៃ ប្រឈមមុខនឹងភាពតានតឹងបន្ថែម ខណៈអាជីវកម្មខ្នាតតូចដែលស្តុករបស់របរ ទុកសម្រាប់លក់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឥឡូវនេះព្រួយបារម្ភពីការខាតបង់ ប្រសិនបើការប្រយុទ្ធនៅតែបន្ត នេះបើយោងតាមលោក Somchat Pongkapanakrai ប្រធានសភាពាណិជ្ជកម្មភាគឦសាន។
គួរបញ្ជាក់ថា វិធានការបន្ធូរបន្ថយ ដែលស្នើឡើងសម្រាប់ខេត្តជាប់ព្រំដែនទាំង ៧ រួមទាំងការកាត់បន្ថយពន្ធ និងការជំរុញទេសចរណ៍ នៅតែមិនអាចអនុវត្តបាន បន្ទាប់ពីជាប់គាំងក្នុងអំឡុងពេលនៃការផ្លាស់ប្តូររដ្ឋាភិបាល និងវិបត្តិទឹកជំនន់របស់ប្រទេសថៃ នាពេលថ្មីៗនេះ៕

