ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ហ្វា​សង់ ប្រទេស​កូរ៉េ​ខាងត្បូង ជួបជុំ​សម្តែង​មតិ និង​ថ្កោលទោស​យោធា​ថៃ ដែល​បាន​ឈ្លានពាន​ជា​ថ្មី មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា

 

ប្រទេស​កូរ៉េ​ខាងត្បូង​ ៖ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​ហ្វា​សង់ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​រៀបចំ​ការ​ជួបជុំ​សម្តែង​មតិ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​ទ​ង្វើ​ដ៏​ឃោរឃៅ និង​អមនុស្សធម៌​របស់​យោធា​ថៃ ដែល​បាន​ធ្វើការ​ឈ្លានពាន​ជា​ថ្មី មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ​។

ការ​ជួបជុំ​សម្ដែង​មតិ និង​ថ្កោលទោស​នេះ គឺ​បន្ទាប់​ពី​យោធា​ថៃ បាន​ធ្វើការ​ឈ្លានពាន​សារ​ជា​ថ្មី មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ចាប់ពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ ​មក ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល​និង​មិន​រើស​គោលដៅ​ យ៉ាង​សាហាវព្រៃផ្សៃ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុ​ជាមួយ​ចំនួន​បាន​ស្លាប់ និង​រង​របួស ផ្ទះសម្បែង​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ សិស្សសាលា ក្មេង​ចាស់ ប្រុស​ស្រី ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​រក​ទីកន្លែង​សុវត្ថិភាព ​បណ្តោះអាសន្ន​ភ្លាម​ៗ​ ។

ពិធី​ជួបជុំ​សម្ដែង​មតិ​នេះ បាន​ធ្វើ​ឡើង​ចាប់ពី​៩ ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​មាន​គោលបំណង​ចម្បង គឺ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ទ​ង្វើ​ឈ្លានពាន​ពី​សំណាក់​កងកម្លាំង​ថៃ មក​លើ​ដែន​អធិបតេយ្យភាព និង​ពលរដ្ឋ​ជា​ជន​ស៊ី​វិល​កម្ពុជា ព្រមទាំង​អំពាវនាវ​ ដល់​សហគមន៍​អន្តរជាតិ ថ្កោលទោស និង​ដាក់​កំហិត​លើ​ប្រទេស​ថៃ ឱ្យ​គោរព​បូរណភាព​ទឹកដី​របស់​កម្ពុជា ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​ងាក​មក​គោរព​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​មាន​សហរដ្ឋ​អាម៉េរិក និង​ម៉ា​ឡេ​ស៊ី​ជា​សាក្សី ​។

នៅ​ក្នុង​ពិធី​ជួបជុំ​នេះ អ្នកចូលរួម​ទាំងអស់​បាន​ស្រែក​ពាក្យស្លោក និង​កាន់​បដា​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ពេញទំហឹង ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​ទឹកដី​ដូនតា និង​អាយុជីវិត​ពលរដ្ឋ​ស្លូតត្រង់​ ។

ការ​ជួបជុំ​នៅ​តំបន់​ហ្វា​សង់​នេះ គឺជា​ការ​បង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ និង​ការ​រួបរួម​របស់​ជនរួមជាតិ​ខ្មែរ​នៅ​ឯ​ក្រៅប្រទេស ជា​ពិសេស​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​ការ​ការពារ​ផលប្រយោជន៍​ជាតិ និង​ការ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌ ចំពោះ​អំពើ​ឈ្លានពាន​ ដែល​បាន​កើតឡើង​ម្តង​ហើយ​ម្តងទៀត ពី​សំណាក់​យោធា​ថៃ​ ៕

Previous Post Next Post